កម្ពុជា ទទួលរងឥទ្ធិពលតិចតួចពីព្យុះឈ្មោះ ‹‹ណាវី›› ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សយារបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពីព្យុះ ‹‹ណាវី›› ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី៥ ឈ្មោះ ណាវី (Nari) T2505 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី នឹងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ណាវី នេះ ពុំមានឥទ្ធិពលខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិមមានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២០ ភាគរយ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតីនិងពាយ័ព្យមានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥ ភាគរយ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់ បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២៥ ភាគរយ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម