ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃរបស់កម្ពុជា

    BY soknita July 14, 2025
    អណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃរបស់កម្ពុជា

    (ខេត្តព្រះសីហនុ)៖ តាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ មានអណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃរបស់កម្ពុជា ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។

    កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រនិងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។
    អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ។

    គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២២ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការយ៉ាងជិតស្និទ្ធជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ បាននិងកំពុងធ្វើការ អប់រំផ្សព្វផ្សាយអំពីសារ:សំខាន់នៃការអភិរក្សអណ្តើកសមុទ្រកម្ពុជា តាមរយ:ការរៀបចំសិក្ខាសាលាអប់រំ និងការល្បាតជាប្រចាំនៅលើកោះដាច់ស្រយាល៣សំខាន់ៗ រួមមានកោះពូលូវ៉ៃ កោះតាង និងកោះព្រីង៕

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay