ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ២រូប ក្រោយលួចដឹកទឹកដោះគោស្រស់ ជិត៥០០ដប ចេញពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀង

    BY soknita July 14, 2025
    អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ២រូប ក្រោយលួចដឹកទឹកដោះគោស្រស់ ជិត៥០០ដប ចេញពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ តាមច្រករបៀង

    (ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ក្រោយពាក់ព័ន្ធករណីរត់ពន្ធទឹកដោះគោស្រស់ខុសច្បាប់ ជិត៥០០ដប ចេញពីប្រទេសថៃ។

    តាមការបញ្ជាក់ព័ត៌មានលម្អិតពី មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង ០៧និង៥៨នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុក ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ១.ឈ្មោះ រី ម៉ារីយ៉ុម ហៅប៊ី ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ នាង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ (ជាកម្មករ) ព្រមទាំងដកហូតវត្ថុតាងរថយន្ដម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2B-7437 ចំនួន០១គ្រឿង និងទឹកដោះគោស្រស់ យីហោ Meiji ចំនួន ២៧ កេស (៤៩៦ដប) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

    លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យឈ្មោះ រី ម៉ារីយ៉ុម ហៅ ប៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញទឹកដោះគោស្រស់យីហោ Meiji (ម៉ីជិ) ពីខាងដេប៉ូប្រទេសថៃហើយយកខ្មែរពិតប្រកដមែន។
    ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

    លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

    ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay