មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវដល់អាណាព្យាបាលទាំងអស់ប្រុងប្រយ័ត្ន ក្រោយមានកុមារីម្នាក់ត្រូវសត្វឪម៉ាល់មួយប្រភេទនេះទិច ២០មេ បណ្ដាលឱ្យមានជំងឺខ្សោយតម្រងនោម ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ តាមរយៈការបង្ហោះរបស់ផេក Dr. Beat Richner បានឱ្យដឹងថា កុមារីតូចម្នាក់មានអាយុ ២ ឆ្នាំកន្លះ មកពីខេត្តកំពត ត្រូវបានសត្វឪម៉ាល់ទិច ២០មេ បណ្ដាលឱ្យមានជំងឺខ្សោយតម្រងនោមទាំងពីរយ៉ាងធ្ងន់ធ្ងរ ដោយសារពិសរបស់ឪម៉ាល់ ហើយក្រោយព្យាបាលបាន៤០ថ្ងៃ ពេលនេះត្រូវបានព្យាបាលឱ្យជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ។

តាមការបញ្ជាក់របស់ ផេក Dr. Beat Richner បានឱ្យដឹងលម្អិតថា «សូមប្រុងប្រយ័ត្ននិងមើលថែការពារកូនចៅលោកអ្នក ចំពោះសត្វឪម៉ាល់ ដែលអាចព្រួតទិចសម្លាប់ក្មេងបាន! កុមារីតូចអាយុ២ឆ្នាំកន្លះ មកពីខេត្តកំពត មានជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត បណ្ដាលមកពីពិសឪម៉ាល់ ដែលបានទិចនាងចំនួន២០មេ តម្រងនោមទាំងពីររបស់នាង ឈប់ដំណើរការទាំងស្រុង និងគ្មានទឹកនោម បណ្តាលឲ្យសន្លប់និងដកដង្ហើមលែងបាននាងត្រូវបានថែទាំព្យាបាលសង្រ្គោះអស់រយៈពេល២៥ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងលាងឈាមតាមស្រោមពោះវៀន១៥ថ្ងៃ។ ដោយពេលនេះនាងបានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម។ សូមកោតសរសើរ និងអរគុណ ដល់ក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្រ្គោជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា -CKF
អរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា»៕



ប្រភព៖ Dr. Beat Richner