ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ក្នុងខេត្តកណ្តាល សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឃាត់ខ្លួនជនជាតិបរទេស ជិត៥០០នាក់ កាលពីម្សិលមិញ
(ខេត្តកណ្តាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ក្នុងខេត្តកណ្តាល សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឃាត់ខ្លួនជនជាតិបរទេស ជិត ៥០០នាក់។

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះត្រួតពិនិត្យរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ និងសង្ស័យថាមានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញជនជាតិបរទេសជាជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ប៉ាគីស្ថាន ឥណ្ឌា បង់ក្លាដេស មីយ៉ាន់ម៉ា សរុបចំនួន ៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៦នាក់ ។
ក្រុមសមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន ២៨ គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ ០២ គ្រឿង និងរថយន្ត ប្រភេទទេសចរណ៍២៦ គ្រឿង (ធំ១គ្រឿង) និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុករួមមាន៖ ម៉ូនីទ័រ ចំនួន ៧៨ គ្រឿង ធុងCPU ចំនួន ១០ គ្រឿង ទូរស័ព្ទដៃ ចំនួន ១៧៧គ្រឿង ដុំទប់ភ្លើង ចំនួន០២ គ្រឿង key board ចំនួន ៤៩ គ្រឿង ទូរទស្សន៍ ចំនួន ០១ គ្រឿង និងសម្ភារ:សម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។
បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅក្នុងបរិវេណនៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិនដោយមានការយាមកាមម៉ត់ចត់ ខណៈគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹងកំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន។ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕




ប្រភព៖ ក្រសួងព័ត៌មាន