ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារ ៥ចំណុច ទៅថៃ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់គ្រាប់-មីន និងការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ

    BY soknita July 22, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារ ៥ចំណុច ទៅថៃ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់គ្រាប់-មីន និងការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារ ៥ចំណុច ទៅថៃ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ‹‹មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។

    ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ៖

    ១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។

    ២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។

    ៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួន និងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។

    ៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នា និងគ្នា។

    ៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់ និងចីរភាព››៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

    Share This Post: