ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី ៦ ឈ្មោះ ‹‹វីពជា›› ដែលអាចបណ្ដាលឱ្យមាន ភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសតំបន់សមុទ្រ

    BY soknita July 22, 2025
    កម្ពុជា ទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី ៦ ឈ្មោះ ‹‹វីពជា›› ដែលអាចបណ្ដាលឱ្យមាន ភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសតំបន់សមុទ្រ

    (រាជធានីភ្នំពេញ)៖ តាមមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ ថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពី ព្យុះទី ៦ ឈ្មោះ ‹‹វីពជា›› ដែលអាចបណ្ដាលឱ្យមាន ភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសតំបន់សមុទ្រ។

    ដោយព្យុះទី៦ឈ្មោះ ‹‹វីពជា›› (Wipha) T2506 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះ ‹‹វិពជា›› នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥៖

    ១-តំបន់វាលទំនាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ១០ ភាគរយ។

    ២-តំបន់ខ្ពង់រាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៧ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥ ភាគរយ។

    ៣-តំបន់មាត់សមុទ្រ៖

    -សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៨ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥ ភាគរយ។

    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: