រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៏យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ នៅថ្ងៃទី ២៦ ខែកក្កដា ខាងមុខនេះ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងពី ការបញ្ចៀសចរាចរណ៏យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ចាប៉ពីម៉ោង ៨ព្រឹកតទៅ ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់់ថា គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យសមាគមអតីត យុទ្ធជនកម្ពុជា ប្រើប្រាស់ទីតាំងវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ០៨:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដើម្បីឱ្យមហាសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីវេលាម៉ោង ៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ