ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពលករខ្មែរ កំពុងធ្វើការនៅប្រទេសថៃ សូមត្រឡប់មកធ្វើការនៅកម្ពុជាវិញ ព្រោះសព្វថ្ងៃនេះ មានរោងចក្រ សហគ្រាសជាច្រើន

    BY soknita July 25, 2025
    អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពលករខ្មែរ កំពុងធ្វើការនៅប្រទេសថៃ សូមត្រឡប់មកធ្វើការនៅកម្ពុជាវិញ ព្រោះសព្វថ្ងៃនេះ មានរោងចក្រ សហគ្រាសជាច្រើន

    (ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនពលករ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមត្រឡប់មកធ្វើការនៅស្រុករបស់យើងវិញ ព្រោះសព្វថ្ងៃនេះរោងចក្រ សហគ្រាសជាច្រើន កំពុងត្រូវការកម្លាំងពលករ សូមកុំបន្តធ្វើពលករក្នុងប្រទេសថៃបន្តទៀត។

    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវគ្នាបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៥ភូមិ គឺភូមិព្រែកជ្រៃ ភូមិព្រែកឫស្សី ភូមិព្រែកប្រា ភូមិអន្លង់ទ្រា និងភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥។

    ឯកឧត្តម អភិបាលខេត្ត បន្តថា ប្រទេសកម្ពុជារបស់យើង ពិសេសខេត្តកណ្ដាល មានរោងចក្រ សហគ្រាសជាច្រើន ដែលកំពុងត្រូវការកម្លាំងពលកម្មជាចាំបាច់ ក្នុងដំណើរការនៃសង្វាក់ផលិតកម្មរបស់ខ្លួន ដូច្នេះសូមបងប្អូនពលកររបស់យើង ដែលកំពុងធ្វើការនៅប្រទេសថៃ សូមត្រឡប់មកប្រទេសយើងវិញ ព្រោះថានៅទីនេះ មានការងារជាច្រើនកំពុងរង់ចាំ។

    ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ហើយកន្លងមកពលករដែលបានត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ខេត្តកណ្ដាល បានរកការងារនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជាច្រើនផងដែរ។ ហើយក្នុងនោះមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានធ្វើការប្រឹក្សាយោបល់ និងណែនាំដល់ពលករដែលត្រឡប់មកវិញ ដើម្បីរកការងារធ្វើជូនពួកគាត់ឱ្យបានសាកសមនឹងសមត្ថភាព និងតម្រូវការជាក់ស្ដែងរបស់ពួកគាត់ ពិសេសការងារទាំងនោះនៅជិតមូលដ្ឋានរបស់គាត់ផងដែរ ដើម្បីឱ្យបងប្អូនត្រឡប់មកវិញមានការងារធ្វើ មានប្រាក់ចំណូល សម្រាប់ចិញ្ចឹមជីវភាពរបស់ខ្លួន និងក្រុមគ្រួសារផងដែរ។

    ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដូច្នេះសូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារធ្វើការនៅប្រទេសថៃ សូមត្រឡប់មកធ្វើការនៅប្រទេសយើងវិញ ដើម្បីកសាងកម្លាំងផលិតឱ្យកាន់តែធំនៅក្នុងស្រុក លើកកម្ពស់សេដ្ឋកិច្ច ជីវភាពរបស់យើង ដើម្បីពង្រឹងឥទ្ធិពលរបស់កម្ពុជាយើងដោយខ្លួនឯង ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: