អ្នកនាំពាក្យ ៖ យោធាថៃបានពង្រីកការឈ្លានពាន មកលើខេត្តមួយចំនួនរបស់កម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះថា ការឈ្លានពានរបស់ថៃបានពង្រីកការ ឈ្លានពានរបស់ខ្លួនមកខេត្តមួយចំនួនរបស់កម្ពុជា។

លោកជំទាវបានលើកឡើងថា វេលាម៉ោង ៥ និង២នាទី ថ្ងៃទី២៦ ខែកក្កដា ភាគីថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើននៅក្នុងភូមិសាស្រ្តភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្នុងទីតាំងនៃយុទ្ធភូមិភាគទី៤ ថៃបានធ្វើការវាយប្រហារផងដែរចំនួន៣ទីតាំង មាន តាថាវ ជាំតែ និងវាលឥន្រ្ទី នៅវេលាម៉ោង៥ព្រឹកដូចគ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាសារជាថ្មី សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់ភាគីថៃ និងការបង្កហេតុ និងការត្រៀមទុកជាមុនរបស់ភាគីថៃ។កម្ពុជាសូមបញ្ជាក់ជាថ្មី ចំពោះការប្តេជ្ញាចិត្តរក្សាសុខសន្តិភាព ទោះជាយ៉ាងណាសូមរក្សាសិទ្ធិនៅក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ក្នុងនាមជាជនរងគ្រោះពីការរំលោភបំពានរបស់ភាគីថៃ។កម្ពុជាសូមបញ្ជាក់សារជាថ្មី កម្ពុជាឈរលើគោលការណ៍វាយប្រហារតែលើគោលដៅយោធារបស់ភាគីថៃ មិនមានគោលដៅវាយប្រហារលើជនស៊ីវិលណាមួយឡើយ។
មកដល់ម៉ោងនេះ យើងអាចបញ្ជាក់បានថា កងកម្លាំងប្រដាប់អាវុធកម្ពុជាឈរយ៉ាងរឹងមាំ ជឿជាក់ មោះមុត ក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន ដោយមិនរួញរាចំពោះការគំរាមកំហែង ការបង្ខិតបង្ខំរបស់ភាគីថៃ ទោះបីជាមានការដាក់សម្ពាធពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធកម្ពុជា ឈរយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួន៕

ប្រភព ក្រសួងព័ត៌មាន