ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាប់នឹងព្រំដែនថៃចំនួន ៣កន្លែង ត្រៀមរៀបចំទទួលពលករកម្ពុជា​ប្រហែល ១៣ម៉ឺននាក់ ដែលត្រូវខាងប្រទេសថៃត្រៀមនឹងបញ្ជូនមកកម្ពុជាវិញ

    BY soknita July 28, 2025
    កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាប់នឹងព្រំដែនថៃចំនួន ៣កន្លែង ត្រៀមរៀបចំទទួលពលករកម្ពុជា​ប្រហែល ១៣ម៉ឺននាក់ ដែលត្រូវខាងប្រទេសថៃត្រៀមនឹងបញ្ជូនមកកម្ពុជាវិញ

    (ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាប់នឹងព្រំដែនថៃចំនួន ៣កន្លែង ត្រៀមរៀបចំទទួលពលករកម្ពុជាប្រហែល ១៣ម៉ឺននាក់ ដែលត្រូវបញ្ជូនមកវិញ។

    តាមការបញ្ជាក់បន្ថែមរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលកំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលជាប់នឹងព្រំដែនថៃ (ឡែម) ច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (កោះកុង) បានត្រៀមរៀបចំទទួលពលករកម្ពុជាប្រហែល ១៣ម៉ឺននាក់ ដែលត្រូវខាងប្រទេសថៃត្រៀមនឹងបញ្ជូនមកកម្ពុជាវិញ។

    ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធក៏បានរួមសហការគ្នា នឹងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា ។ ព្រមទាំងសម្របសម្រួល សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។

    ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ មួយចំនួនសម្រាប់ជូនដល់ពលករទាំងអស់ផងដែល។
    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលដល់ឯកសារនៃដំណេីរចូលរបស់ពលករកម្ពុជាទាំងអស់ ដោយក្ដីរីករាយនិងភាពកក់ក្ដៅជូនប្រជាជន៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post: