ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន ណែនាំអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន សូមបញ្ចេញមតិប្រកបដោយសុជីវធម៌ ក្រមសីលធម៌ និងមិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍

    BY soknita July 29, 2025
    ក្រសួងព័ត៌មាន ណែនាំអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន សូមបញ្ចេញមតិប្រកបដោយសុជីវធម៌ ក្រមសីលធម៌ និងមិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍

    (រាជធាណីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានចេញណែនាំ អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន សូមបញ្ចេញមតិប្រកបដោយសុជីវធម៌ ក្រមសីលធម៌ និងមិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។

    យោងតាមសេចក្ដីណែនាំរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងលម្អិតថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្ដាញទំនាក់ទំនងសង្គម ដែលបានបង្កការប្រមាថប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និងអង្គព្រះមហាក្សត្រ។

    ក្រសួងព័ត៌មានសូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណជនទាំងអស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្របតាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។

    អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនជម្លោះជាមួយប្រទេសនោះក៏ដោយ។អ្នកបង្កើតមាតិកាអ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណជនត្រូវជៀសវាងការផ្សព្វផ្សាយឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹងសម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងការប្រកាន់ពូជសាសន៍រវាងប្រជាជននិងប្រជាជន។

    ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ និងសូមកុំប្រើការកាត់តរូបភាព និងខ្លឹមសារ ដែលមិនពិតមានលក្ខណៈប្រមាថដល់អង្គព្រះមហាក្សត្រជាដើម។

    ក្រសួងព័ត៌មានសូមកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមដែលបានចូលរួមជាផ្នែកនៃសម្លេងរបស់កម្ពុជា ក៏ដូចជាការការពារភាពត្រឹមត្រូវនិងជំហរដោះស្រាយជម្លោះរបស់កម្ពុជាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ សេចក្ដីថ្លៃថ្នូរនិងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុងសហគមន៍ជាតិ និងអន្តរជាតិ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: