ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានជួយសង្គ្រោះកុមារតូចអាយុ ៧ ខែ មានសរីរាង្គមិនប្រក្រតីស្មុគស្មាញតាំងពីកំណើត

    BY soknita July 29, 2025
    មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានជួយសង្គ្រោះកុមារតូចអាយុ ៧ ខែ មានសរីរាង្គមិនប្រក្រតីស្មុគស្មាញតាំងពីកំណើត

    នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានជួយសង្គ្រោះកុមារតូចអាយុ ៧ ខែ ដោយការវះកាត់ ព្រោះកុមាររូបនេះ មានសរីរាង្គមិនប្រក្រតីស្មុគស្មាញតាំងពីកំណើត។

    ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រាជរដ្ឋាភិបាលបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ចំពោះវិស័យសុខាភិបាល ដោយមិនទុកឲ្យប្រជាពលរដ្ឋណា ម្នាក់ ជួបការលំបាកផ្នែកសុខភាពដោយគ្មានការដោះស្រាយនោះទេ។

    ជាឧទាហរណ៍ជាក់ស្ដែងនៃការខិតខំប្រឹងប្រែងនេះ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យបានរកឃើញករណីដ៏កម្រមួយលើកុមារតូចអាយុត្រឹមតែ ៧ ខែ មកពីភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជ័យសែន ខេត្តព្រះវិហារ។ កុមារតូចដ៏កំសត់រូបនេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានបញ្ហាសរីរាង្គមិនប្រក្រតីស្មុគស្មាញតាំងពីកំណើត រួមមាន៖ ពោះវៀន ប្លោកនោម និងប្រដាប់ភេទលៀនចេញមកក្រៅពោះ និងបែកជាពីរ (cloacal exstrophy + hemibladder/hemipenis/epispadias)។

    ដោយមើលឃើញពីភាពកម្រនៃករណីនេះ ទារកប្រុសត្រូវបានដាក់ឲ្យសម្រាក និងព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប។ លោកសាស្រ្តាចារ្យ កែវ សុខា អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី ៧ និងជាប្រធានផ្នែកវះកាត់ រួមជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់កុមារ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់កុមារ និងក្រុមគ្រូពេទ្យផ្នែករូបភាពវេជ្ជសាស្ត្រ បានខិតខំកំណត់យន្តការរួមនៃការព្យាបាលទាំងមូលជាបីដំណាក់កាល៖
    * ដំណាក់កាលទីមួយ: វះកាត់ញែកពោះវៀនចេញពីប្លោកនោម និងបង្ហួរនោម បញ្ចូលពោះវៀនទៅក្នុងពោះវិញ រួចជួសជុលប្លោកនោមឲ្យជិតល្អ ព្រមទាំងដាក់បញ្ចេញរន្ធលាមកតាមចង្កេះ (ileostomy) ជាបណ្ដោះអាសន្ន។

    * ដំណាក់កាលទីពីរ: បន្ទាប់ពី ៣ ទៅ ៦ ខែ នឹងធ្វើការវះកាត់ជួសជុលរន្ធគូថ (anoplasty) និងដាក់ប្លោកនោមទៅក្នុងពោះដូចធម្មជាតិវិញ។

    * ដំណាក់កាលទីបី: ២ ឆ្នាំក្រោយ នឹងជួសជុលប្រដាប់ភេទ (Hemipenis)។

    បច្ចុប្បន្ន ដំណាក់កាលទីមួយបានដំណើរការទៅដោយជោគជ័យ។ ដោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងជាលំដាប់ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបបានអនុញ្ញាតឲ្យទារករូបនេះត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ ជាមួយនឹងស្នាមញញឹមរីករាយ។ លើសពីនេះ មន្ទីរពេទ្យក៏បានឧបត្ថម្ភសេវាធ្វើដំណើរ ទឹកដោះគោនិងខោទឹកនោម ដល់គ្រួសារផងដែរ។
    ទោះជាយ៉ាងណា កុមាររូបនេះនឹងត្រូវបន្តតាមដាន និងណាត់ជួបក្នុងរយៈពេល ២ ខែទៀត ដើម្បីវាយតម្លៃលទ្ធផលជាក់ស្ដែងនៃការព្យាបាល និងត្រៀមសម្រាប់វះកាត់កែតម្រូវដំណាក់កាលទីពីរ។

    ការថ្លែងអំណរគុណសូមកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យឯកទេសវះកាត់ គ្រូពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប ដែលបានសង្គ្រោះជីវិតដ៏កម្រមួយនេះ។

    គួរ បញ្ជាក់ ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង។ សូមថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស (KFS) មូលនិធិគន្ធបុប្ផាកម្ពុជា (CKF) និងសប្បុរសជនគ្រប់រូបដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕

    ប្រភព៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧

    Share This Post: