ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ លទ្ធផលនៃសង្រ្គាមឈ្លានពាន ដែលកម្ពុជាបានរងគ្រោះ បណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ

    BY soknita July 30, 2025
    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ លទ្ធផលនៃសង្រ្គាមឈ្លានពាន ដែលកម្ពុជាបានរងគ្រោះ បណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ជាលទ្ធផលនៃសង្រ្គាមឈ្លានពាន ដែលកម្ពុជាបានរងគ្រោះ បណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសរំលេចថា លទ្ធផលនៃសង្រ្គាមឈ្លានពានដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន ដែលធ្វើឱ្យភូមិស្ថានដែលធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំដូចភូមិដែលគេទុកចោល ដូចឃ្លាមួយដែលចាស់ៗតែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។

    មន្ត្រីជាន់ខ្ពស់ខងលើ បានបន្តថា ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ ក៏ប៉ុន្តែបានជះឥទ្ធិពលដល់វិស័យអប់រំរបស់កម្ពុជាដូចគ្នា ដោយសាលារៀនមួយចំនួននៅតាមឃុំស្រុក នៅតំបន់ដែលទទួលរងនូវការវាយប្រហារត្រូវបានផ្អាកបណ្ដោះអាសន្ន ដែលធ្វើឱ្យរំខានយ៉ាងខ្លាំងដល់សិស្សានុសិស្សទាំងអស់បើទោះបីជាការប៉ះទង្គិចគ្នាមានរយៈពេលត្រឹមតែ ៥ ថ្ងៃក៏ដោយ។

    តាមរយៈបណ្តាញសង្គមការងារនាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទីជម្រកសុវត្ថិភាព ស្បៀងអាហារ ដើម្បីការពារ និងគេចចេញពីការវាយប្រហារ ជូនដល់បងប្អូនប្រជាជនភៀសសឹក ចាកចេញពីភូមិដ្ឋានដ៏កក់ក្ដៅរបស់ខ្លួន ដែលបណ្ដាលមកពីសង្គ្រាមឈ្លានពាន។

    ឯកឧត្តម បានបន្តថា ក្រោយពីទទួលអនុវត្តនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងប្រទេសទាំងពីរ ពេលនេះបងប្អូនជនភៀសសឹកមួយចំនួនក៏បាននិងកំពុងធ្វើដំណើរវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន ដោយក្ដីសង្ឃឹម បន្ទាប់ពីមន្ត្រីសន្តិសុខបានវាយតម្លៃថាស្ថានការណ៍ព្រំដែនមានសុវត្ថិភាពឡើងវិញក្រោយការឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នេះគឺជាលទ្ធផលមួយដ៏ល្អសម្រាប់ប្រជាជន។ កម្ពុជាចង់បានតែសន្តិភាព ហើយយើងតែងតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហារដោយសន្តិវិធី៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: