ក្រសួងការងារ អំពាវនារដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសជប៉ុន មានការប្រុប្រយ័ត្នខ្ពស់ ពីរលកយក្សស៊ូណាមិ ក្នុងតំបន់ Hokkaido រហូតដល់ តំបន់ Kyushu និងអាចជះឥទ្ធិពលទៅលើខេត្តមួយចំនួនទៀត
(ប្រទេសជប៉ុន)៖ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសជប៉ុន មានការប្រុប្រយ័ត្នខ្ពស់ ពីរលកយក្សស៊ូណាមិ ក្នុងតំបន់ Hokkaido រហូតដល់ តំបន់ Kyushu និងអាចជះឥទ្ធិពលទៅលើខេត្តមួយចំនួនទៀត។

ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងបន្ថែមថា បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, និង Wakayama។
ក្រសួងបាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គ រាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរង ផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងមកក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមាន តំណភ្ជាប់ https://t.me/KhmerMigrantWorker ឬតាមរយៈទូរសព្ទរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនលេខ +៨១ ៨០ ៤៦៨៩ ៩៣៧៤ ឬទំព័រហ្វេសប៊ុក https://www.facebook.com/cambodianembassyinjapan, និង ទូរសព្ទអនុព័ន្ធការងារលេខ ៨១ ៨០ ៣៣៦២ ៦១៦៨។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេស បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជ្រាបជាព័ត៌មាន៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ