រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ដើម្បីត្រួតពិនិត្យបទឈប់បា.ញ់កម្ពុជា-ថៃ ដឹកនាំដោយប្រទេសម៉ាឡេស៊ី
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី។

ក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តន៍បទឈប់បាញ់គ្នា ដែលមានសមាសភាព១២រូប ដែលដឹកនាំដោយ នាយឧត្តមសេនីសេនីយ៍ ទៀ សីហា ជាប្រធាន, លោក គង់ ភោគ អនុប្រធាន, ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន អនុប្រធាន ព្រមទាំងមានសមាជិកជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, អគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀតផងដែរ។
ក្រុមការងារនេះ មានភារកិច្ចដូចខាងក្រោម ៖
– សម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់គ្នា។
– ត្រូវរាយការណ៍ជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពីការវិវត្តនៃសភាពការណ៍នៅតំបន់ប៉ះពាល់ និងស្នើសុំ ការណែនាំតាមការចាំបាច់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រីជាដើម។
ក្រុមការងារនេះ មានសិទ្ធិបង្កើតក្រុមការងារចំណុះ និងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់ ដើម្បី ធានាប្រសិទ្ធភាពការងារ។
ក្រុមការងារនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងការពារជាតិ សម្រាប់ដំណើរការការងាររបស់ខ្លួន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


ប្រភព៖ ក្រសួងព័ត៌មាន