គ្រួសារកងទ័ពចំនួនជាង ២០០គ្រួសារ នៅកងពលតូចអន្តរាគមន៍លេខ៤ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
(ឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារកងទ័ពចំនួនជាង ២០០គ្រួសារ នៅកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំលេខ២។

ដោយមើលឃើញពីការលះបង់របស់វីរកងទ័ពកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ការតស៊ូរបស់កងទ័ព, ដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានគិតគូរដល់គ្រួសារកងទ័ពដូចគ្នាដែលជួបការខ្វះខាត អំឡុងរយៈពេលមួយសប្តាហ៍ដោយសារការទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
ការផ្តល់ជូនអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយសារបានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។
ទោះបីសភាពការណ៍តាមបន្ទាត់ព្រំដែនបានស្ងប់ស្ងាត់ក្តី ប៉ុន្តែ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តចុះពិនិត្យមើល និងដោះស្រាយជូនប្រជាជនណា ដែលខ្វះខាតស្បៀងបរិភោគត្រូវបញ្ជូនឱ្យបានឆាប់បំផុត៕





ប្រភព៖ ក្រសួងព័ត៌មាន