ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សប្បុរសជន ផ្តល់ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ សរុប ១លាន៥សែនដុល្លារ

    BY soknita August 4, 2025
    សប្បុរសជន ផ្តល់ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ សរុប ១លាន៥សែនដុល្លារ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សប្បុរសជន ផ្តល់ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ សរុប ១លាន៥សែនដុល្លារ។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ៣ សីហា ឆ្នាំ ២០២៥ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ត្រូវបានសប្បុរសជនយកមកប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ ក្នុងនោះថវិកាទទួលបានជាង ៦៧ម៉ឺនដុល្លារ ហើយបើសរុបទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត តាមការប៉ាន់ប្រមាណ ប្រហែល ១លាន៥សែនដុល្លារសហរដ្ឋអាមេរិក នេះពិតជាបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិ សាមគ្គីភាពឯកភាពជាតិតែមួយ របស់ជនរួមជាតិទាំងមូល។

    ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ចាប់តាំងពីរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសទទួលនូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគសម្ភារៈផ្សេងៗពីសប្បុរសជននោះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកសាលារាជធានីភ្នំពេញយ៉ាងច្រើន និងធ្វើសកម្មភាពយ៉ាងសស្រាក់ សស្រាំ ដើម្បីបរិច្ចាគជាថវិកា និងគ្រឿងឧបភោគបរិភោគសម្ភារៈផ្សេងៗ។ បញ្ជូនទៅឲ្យកងទ័ព ជួរមុខ និងជនភៀសខ្លួន។ នេះពិតជាបានបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិសាមគ្គីភាពឯកភាពជាតិយ៉ាងធំធេងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងការចង្អុលផែនទី ដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជានឿយហត់ខ្លាំងណាស់ ប៉ុន្តែដោយការផ្ដល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈស្មារតីស្នេហាជាតិ សាមគ្គីភាព និងឯកភាពជាតិតែមួយរបស់បងប្អូនប្រជាពលរដ្ឋ បានផ្ដល់ជាកម្លាំងចិត្តដ៏ធំធេងដល់សម្ដេច ដើម្បីដឹកនាំប្រទេសកាន់តែខ្លាំងក្លាថែមទៀត។

    អភិបាលរាជធានីភ្នំពេញ បន្ថែមថា ចំពោះគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន គឺក្រោយពីទទួលបានពីសប្បុរសជនរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យអភិបាលរងបញ្ជូនទៅផ្ដល់ជូនទៅដល់អាជ្ញាធរខេត្ត និងកងទ័ពជួរមុខភ្លាមៗ បើទោះបីយើងមិនបានយកទៅប្រគល់ជូនកងទ័ពជួរមុខដោយផ្ទាល់ដៃ ព្រោះតំបន់នោះជាតំបន់ ក្តៅយើងមិនអាចចូលទៅដល់ អំណោយទាំងនេះពិតជាដល់ដៃកងកម្លាំង និងប្រជាពលរដ្ឋភៀសខ្លួនរបស់យើងទាំងអស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: