នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំពីព័ត៌មាន ដែលគួរចែករំលែក និងមិនគួរចែករំលែក ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំពីព័ត៌មាន ដែលគួរចែករំលែក និងមិនគួរចែករំលែក ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើអោយមានភាពចលាចល បំភិតបំភ័យ ជាពិសេសប៉ះពាល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ពយោធា និងនគរបាលជាតិ ព្រមទាំងធ្វើអោយសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។
តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាយកដ្ឋាន ខាងលើ បានណេនាំនូវព័ត៌មានដែលគួរចែករំលែកមានដូចជា÷
•សេចក្តីប្រកាសផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នយោធា
•ការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ
•ព័ត៌មានជំនួយមនុស្សធម៌
•ព័ត៌មានដែលជំរុញទឹកចិត្ត និងសាមគ្គីភាពជាតិ។
ដោយឡែក សមរាប់ព័ត៌មានដែលមិនគួរចែករំលែកមានដូចជា÷
•ព័ត៌មានមិនពិត និងព័ត៌មានបំភ្លៃ (Fake News & Disinformation)
•ពាក្យចចាមអារ៉ាន ឬព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់
•ព័ត៌មានអុជអាល ឬញុះញង់
•ព័ត៌មានផ្ទាល់ខ្លួន និងក្រុមគ្រួសារ
•ព័ត៌មានជនរងគ្រោះ និងយោធា
•កុំបង្ហោះបង្ហាញទីតាំង ចលនា ហើយហេដ្ឋាសម្ព័ន្ធសំខាន់ៗ និងប្រតិបត្តិការរបស់យោធា
•កុំចែករំលែករូបថតវីដេអូឬព័ត៌មានលម្អិតគ្រឿងសព្វាវុធ និងមូលដ្ឋានរបស់យោធា -សូម្បីតែរូបភាព ឬវីដេអូសាមញ្ញក៏អាចបង្ហាញព័ត៌មានរសើបបានដែរ។
•កុំបង្ហោះឬផ្សាយផ្ទាល់ពីតំបន់មានជម្លោះ
•កុំចែករំលែករបាយការណ៍គ្មានមូលដ្ឋាន អំពីការស្លាប់បាត់បង់ជីវិត ឬឯកសារពីយោធា
•កុំប៉ាន់ស្មាន ឬបង្ហោះព័ត៌មានរបស់យោធាដែលបានបែកធ្លាយឡើងវិញ
•កុំពិភាក្សាអំពីឈ្មោះកងពល និងប្រភេទកងកម្លាំងយោធា៕




ប្រភព៖ ក្រសួងព័ត៌មាន