ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពាណិជ្ជកម្មខេត្តសានស៊ីនៃសាធារណរដ្ឋចិនប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកម្ពុជា-ចិនតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងការហោះហើរត្រង់

    BY Liny01 August 10, 2025
    មន្ទីរពាណិជ្ជកម្មខេត្តសានស៊ីនៃសាធារណរដ្ឋចិនប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកម្ពុជា-ចិនតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងការហោះហើរត្រង់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៧​ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិនលើវិស័យទេសចរណ៍ និងសំណង់ធំៗ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រលើគម្រោងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នាទីស្តីការក្រសួង។

    ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នារៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង៣០លាននាក់ និងប្រទេសកម្ពុជា ដោយធ្វើការភ្ជាប់នូវបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និងរបស់ខេត្តសានស៊ី វប្បធម៌ ប្រពៃណីដ៏ចំណាស់ និងទាក់ទាញ ទេសភាពដ៏ស្រស់ត្រកាលរួមបញ្ជូលគ្នា ដែលជាចំណុចពិសេស និងទាក់ទាញភ្ញៀវទេសចរជាវកញ្ចប់ទស្សនកិច្ចថ្មីមួយនេះ។

    ទន្ទឹមនឹងនេះដែរ ការតភ្ជាប់ជើះហោះហើរត្រង់រវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងទីក្រុងធំៗ នានារបស់ខេត្តសានស៊ី ក៏ត្រូវលើកមកពិភាក្សាដើម្បីជំរុញឱ្យចាប់ផ្តើមឆាប់ៗ ខាងមុខនេះ រួមទាំងការរៀបចំ FamTrip ដឹកនាំវិនិយោគិនខេត្តសានស៊ីមកប្រទេសកម្ពុជា ដើម្បីពិនិត្យកាលានុវត្តវិនិយោគក្នុងប្រទេសកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: