អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនពលរដ្ឋវិលពីប្រទេសថៃជិត ១លាននាក់
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនពលរដ្ឋវិលពីប្រទេសថៃជិត ១លាននាក់។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធ នៅថ្ងៃទី ១២ សីហា ឆ្នាំ ២០២៥ នេះ ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ យោងតាមរបៀបវារៈ កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា កិច្ចប្រជុំនេះមានគោលដៅធ្វើឱ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ដែលត្រូវការឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីពួកគាត់ពុំមាន ឬពុំធ្លាប់បានធ្វើពីមុនមក។
គួរកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងវាគ្មិនជាថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋាន ដែលនឹងធ្វើបទអន្តរាគមន៍សង្ខេបស្តីពីការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការងារចុះបញ្ជីស្នាក់នៅ និងការងារផ្តល់អត្តសញ្ញាណបណ្ណ។


ប្រភព៖ ក្រសួងមហាផ្ទៃ