អគ្គនាយកដ្ឋានគយ ចេញសេចក្តីណែនាំពី នីតិវិធីនៃការបំពេញបែបបទគយ ចំពោះទំនិញនាំចូលពីអាម៉េរិក
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយពី ឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីណែនាំពី នីតិវិធីនៃការបំពេញបែបបទគយ ចំពោះទំនិញមានដើមកំណើត នៅសហរដ្ឋអាម៉េរិក និងនាំចូលពីសហរដ្ឋអាម៉េរិក។

យោងតាមការសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា អនុលោមតាមបញ្ញត្តិប្រកាសលេខ ៦៣២ សហវ.ប្រក ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមណែនាំនូវនីតិវិធីនៃការបំពេញបែបបទគយ ចំពោះទំនិញមាន ដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលពីសហរដ្ឋអាម៉េរិក ដូចខាងក្រោម៖
ក. និយមន័យ
១. ទំនិញប្រើរួច សំដៅដល់ទំនិញដែលបានឆ្លងកាត់ការប្រើប្រាស់រួច ឬបានកាន់កាប់រួចដោយអ្នកប្រើប្រាស់ដែល មិនមែនជាអ្នកផលិត អ្នកចែកចាយ ឬអ្នកលក់បន្ត។
២. យានយន្តដែលអាចស្នើសុំអត្រាពន្ធគយ ០%៖
២.១. រថយន្តត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
-ផលិតនៅ សហរដ្ឋអាម៉េរិក
-ជារថយន្តដែលមានឆ្នាំម៉ូដែល ១ឆ្នាំមុនឆ្នាំបច្ចុប្បន្ន (N-1) ឬក្នុងឆ្នាំបច្ចុប្បន្ន (N) ឬ ១ឆ្នាំក្រោយឆ្នាំ បច្ចុប្បន្ន (N+1) និងមានចម្ងាយប្រើប្រាស់មិនលើសពី ៥ ០០០ គីឡូម៉ែត្រ ក្នុងកញ្ចក់ម៉ែត្ររថយន្ត (Odometer) និងជារថយន្តដែលមានស្ថានភាពល្អក្នុងទម្រង់ដើម ដែលមិនបុក ប៉ះទង្គិច ខូចខាត រងការលិចទឹក ឬរង គ្រោះថ្នាក់ផ្សេងទៀត។
២.២. ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ATV ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
-ផលិតនៅ សហរដ្ឋអាម៉េរិក
-ជាយានយន្តដែលមានឆ្នាំម៉ូដែល ១ឆ្នាំមុនឆ្នាំបច្ចុប្បន្ន (N-1) ឬក្នុងឆ្នាំបច្ចុប្បន្ន (N) ឬ ១ឆ្នាំក្រោយឆ្នាំ បច្ចុប្បន្ន (N+1) និងមានចម្ងាយប្រើប្រាស់មិនលើសពី ២ ០០០ គីឡូម៉ែត្រ ក្នុងកញ្ចក់ម៉ែត្រយានយន្ត (Odometer) និងជាយានយន្តដែលមានស្ថានភាពល្អក្នុងទម្រង់ដើម ដែលមិនបុក ប៉ះទង្គិច ខូចខាត រងការលិចទឹក ឬ រងគ្រោះថ្នាក់ផ្សេងទៀត។
៣. ការដឹកជញ្ជូនត្រង់ សំដៅដល់ការដឹកជញ្ជូនទំនិញពីសហរដ្ឋអាម៉េរិកមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយ មិនឆ្លងកាត់ប្រទេសដទៃ លើកលែងតែករណីការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ឬការឆ្លងកាត់ គយ (Customs Transit)។
ខ. លក្ខខណ្ឌ និងនីតិវិធីនៃការបំពេញបែបបទគយ
១. ការនាំចូលនូវមុខទំនិញហាមឃាត់ ឬទំនិញជាប់កម្រិតកំណត់ ត្រូវអនុវត្តតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យអនុវត្តបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិត កំណត់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
២. ដើម្បីទទួលបានអត្រាពន្ធគយអនុគ្រោះ ០% អ្នកនាំចូល ឬតំណាង ត្រូវ៖
-ប្រកាសប្រតិវេទន៍ដើមកំណើតទំនិញ (Declaration of Origin – DO) តាមទម្រង់ DO Form US ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីណែនាំនេះ។ ការប្រកាសនេះត្រូវធ្វើឡើងក្នុងទម្រង់អេឡិចត្រូនិក តាមរយៈប្រព័ន្ធ CVDS (https://value.customs.gov.kh/CV)
-ធានាថាទំនិញដែលប្រកាសនៅលើ DO នោះ ពិតជាត្រូវបានផលិត និងមានដើមកំណើតនៅសហរដ្ឋ អាម៉េរិកប្រាកដមែន
-បង្ហាញឯកសារគាំទ្រ ឬលក្ខណៈសម្គាល់ដែលបញ្ជាក់ថាទំនិញនោះត្រូវបានផលិតនៅសហរដ្ឋអាម៉េរិក ក្នុងករណីមានការតម្រូវពីមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច។
៣. នីតិវិធីនៃការផ្ទៀងផ្ទាត់ និងឯកភាពលើប្រតិវេទន៍ដើមកំណើតទំនិញនេះ ត្រូវអនុវត្តដូចគ្នានឹងនីតិវិធីនៃការ ផ្ទៀងផ្ទាត់សំអាងដើមកំណើតទំនិញក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាធរមាន។
៤. ព័ត៌មានត្រូវបំពេញបន្ថែមក្នុងប្រតិវេទន៍គយក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា)៖
-ប្រតិវេទករ ត្រូវបំពេញកូដ KHUSPT (KH and US Preferential Tariff) ក្នុងប្រអប់លេខ ៣៦ (ពន្ធ អនុគ្រោះ) នៃប្រតិវេទន៍គយ។
-ប្រតិវេទករ ត្រូវបំពេញលេខនិងកាលបរិច្ឆេទនៃ DO ដែលទទួលបានការឯកភាពពី អគរ នៅក្នុងផ្នែកឯកសារ យោង (Attachment Document Page) ដោយប្រើប្រាស់កូដប្រភេទឯកសារ 862 (Declaration of Origin) នៅពេលចុះបញ្ជីកាប្រតិវេទន៍គយ។
-មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច និងប្រតិវេទករ អាចផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ តាមរយៈការប្រើប្រាស់ មុខងារ View Attached Documents នៃប្រតិវេទន៍គយ ក្នុងប្រព័ន្ធអាស៊ីគូដា។
ទទួលបានសេចក្តីណែនាំនេះ គ្រប់អង្គភាពគយនិងរដ្ឋាករ ប្រតិវេទករ ព្រមទាំងធុរជនពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕




ប្រភព៖ ឯកសារមន្ត្រីសាធារណៈ