ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ចាប់ផ្តើមការដឹកជញ្ជូនទុរេនស្រស់ទៅប្រទេសចិន តាមផ្លូវអាកាស

    BY soknita August 12, 2025
    កម្ពុជា ចាប់ផ្តើមការដឹកជញ្ជូនទុរេនស្រស់ទៅប្រទេសចិន តាមផ្លូវអាកាស

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា បានចាប់ផ្តើមការដឹកជញ្ជូនទុរេនស្រស់ទៅប្រទេសចិន តាមផ្លូវអាកាស ខណៈដែលផ្លែទុរេនពីរតោនដំបូងបានមកដល់ខេត្តហឺណានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៥ នេះ។
    តាម ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នាល្ងចាថ្ងៃទី១១ ខែសីហានេះថា ការដឹកជញ្ជូននេះត្រូវការពេលតែ៤ម៉ោងប៉ុណ្ណោះ ដែលអាចឱ្យអ្នកញ៉ាំចិនទទួលបាននូវភាពស្រស់របស់ផ្លែឈើ។

    គួរជម្របជូនថា ទុរេនជាផ្លែឈើស្រស់ទី ៥ របស់កម្ពុជា ដែលទទួលបានការនាំចូលទីផ្សារប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេក ស្វាយ មៀន និងដូង»។
    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ ពីសំណាក់អគ្គរដ្ឋបាលគយចិន។

    ក្រសួងកសិកម្មបញ្ជាក់ថា កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ ពីរគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។

    សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន  ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារ របស់ប្រទេសចិន។
    ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារ ដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។

    ក្រសួងជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ៕

    សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: