ក្រុមហ៊ុនផលិតចំណីសត្វ ចំនួន ៣ ប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ក្នុងស្រុក សម្រាប់ផលិតចំណីសត្វ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនផលិតចំណីសត្វ ចំនួន ៣ ប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ក្នុងស្រុកសម្រាប់ផលិតចំណីសត្វ។

ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងក្រសួងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនផលិតចំណីសត្វ ចំនួន ៣ រួមមាន៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk) ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនផលិតចំណីសត្វ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤.០០០តោន/ឆ្នាំ, ដំឡូងមី ១៣. ០០០តោន/ឆ្នាំ, កញ្ជុងអង្ករ ១២.៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០.០០០តោន/ឆ្នាំ
លើសពីនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្មបន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផលសម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕




ប្រភព៖ ក្រសួងពាណិជ្ជកម្ម