ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាប្រមាណ ៨០០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ

    BY soknita August 13, 2025
    ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាប្រមាណ ៨០០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ

    (រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ ក្រសួងអប់រ យុវជន និងកីឡា បានឱ្យដឹងថា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាប្រមាណ ៨០០នាក់ ដែលវិលត្រឡបមកពីប្រទេសថៃ។

    ក្នុងពិធីជួបសំណេះសំណាលនេះដែរ ក្រៅពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី ស្វាគមន៍ក្មួយៗនិស្សិតកម្ពុជាទាំងអស់ ដែលសម្រេចចិត្តវិលត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទាំងគ្រឹះស្ថានសាធារណៈ រដ្ឋនិងឯកជននៅកម្ពុជាវិញ ព្រមទាំងនិសិត្សក៏បានលើកឡើងពីកង្វល់-ចម្ងល់និងបញ្ហាប្រឈមរបស់ខ្លួន ពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបានសម្របសម្រួលឱ្យមានការឆ្លើយតប និងជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ-វិទ្យាស្ថានដើម្បីស្វែងយល់ពីលក្ខខណ្ឌផ្សេងៗគ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំឱ្យខាងសាលាជួយសម្រួលដំណើរការនៃការចូលរៀនបន្តនេះឱ្យបានឆាប់រហ័សផងដែរ។

    ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីក្មួយៗនិស្សិតគិតត្រឹមថ្ងៃនេះ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ ចំនួន ១៧៩នាក់ និងលើកទី២ ចំនួន ៤៨៧នាក់ បណ្ឌិត ២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ៥៥នាក់ បរិញ្ញាបត្រ ៥៧៩នាក់ បរិញ្ញាបត្ររង ១១នាក់ និងផ្សេងៗ ២នាក់។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

    សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ និស្សិតចំនួនប្រមាណ ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: