សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងសិប្បកម្មវេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបខុសច្បាប់ នៅខណ្ឌកំបូល
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាក ឆេហ្វ 55 ខុសច្បាប់ នៅខណ្ឌកំបូល។

តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុង វេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55 ខុសច្បាប់ ដោយម្ចាស់សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាននាំចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ 55 ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ។
ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា៖ ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណជាង ៣០តោន ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១គ្រឿង ម៉ាស៊ីនវេចខ្ចប់ធំ ០២គ្រឿង ម៉ាស៊ីនវេចខ្ចប់តូច ០៣គ្រឿង ម៉ាស៊ីនអ៊ុតកេស០២គ្រឿង ម៉ាស៊ីនរ៉ៃ ០២គ្រឿង រថយន្តដឹកទំនិញ ០៤គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ ០៦គ្រឿង ។
ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយពិនិត្យឃើញថាសម្ភារៈទាំងអស់បំរើឲ្យការងារវេចខ្ចប់ ដឹកជញ្ជូន ចែកចាយប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55 ក្លែងបន្លំប្រភពផលិត ដូចនេះសមត្ថកិច្ចបានសម្រេច ដកហូតសម្ភារៈវត្ថុតាងទាំងអស់ខាងលើ ហើយធ្វើការបិទផ្លំបេសិប្បកម្មមួយនេះជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសម្ចាស់ទីតាំងរូបនោះ តាមច្បាប់ជាធរមាន កាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។
ឆ្លៀតក្នុងឱកាសនេះ សមត្ថកិច្ចក៏បានបន្តផ្តាំផ្ញើ និងក្រើរំលឹកដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា រកស៊ីដោយសុច្ចរិត មិនក្លែងបន្លំ ឬផលិតនូវផលិតផលក្លែងក្លាយ ដើម្បីលើកកំពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ក៏ដូចជាលើកកំពស់មុខមាត់ផលិតផលខ្មែរស្របច្បាប់៕





ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ