ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរ និងធុរជនជាតិនិងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក

    BY Nisaiy KN August 17, 2025
    អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរ និងធុរជនជាតិនិងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។

    ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។

    ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

    អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: