ដើមឈើអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន
(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។
ចំពោះការទាក់ទឹងនឹងកិច្ចការងារកំណាយដែរនេះបានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅផងដែរ៕






ប្រភព៖ Ministry of Environment