អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន (ICOMOS) កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ និងរៀបចំផែនការដើម្បីឆ្លើយតបចំពោះហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ជាមួយគ្នានេះក្រុមការងារទាំងពីរក៏បានរៀបចំឯកសារសំខាន់ពីរទៀតគឺ គោលការណ៍វាយតម្លៃផលប៉ះពាល់បេតិកភណ្ឌនិងគោលការណ៍គ្រប់គ្រងភ្ញៀវទេសចរក្នុងរមណីយដ្ឋានប្រាសាទកោះកេរ៕





