មន្រ្តីនគរបាលជំនាញ បានធ្វើការពិសោធន៍ និងធ្វើតេស្តលើផលិតផល ៤ប្រភេទរបស់ក្រុមហ៊ុន Love Riya រកឃើញថាមានសារធាតុប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់
(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ តាមការបង្ហោះរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួន Love Riya សមត្ថកិច្ចជំនាញបានយកផលិតផលចំនួន៤មុខក្នុងចំណោមផលិតផ្សេងទៀតទៅធ្វើតេស្ត បានរកឃើញថា ការផ្សាយលក់ជាការបោកប្រាស់ និងជាផលិតផលក្លែងក្លាយ។

ក្នុងការបង្ហោះលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ «ខ្ញុំសង្កេតឃើញថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ»។
លើសពីនេះ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថែមថា៖ «ផលិតផលចំនួន ៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់»៕



ប្រភព៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត