ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាទទួលរងឥទ្ធិពលខ្លាំងពីខ្យល់មូសុងនិរតី ដែលបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៣១ ខែសីហា

    BY soknita August 21, 2025
    កម្ពុជាទទួលរងឥទ្ធិពលខ្លាំងពីខ្យល់មូសុងនិរតី ដែលបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៣១ ខែសីហា

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលខ្លាំងពីខ្យល់មូសុងនិរតី ដែលបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ ផងដែរ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥

    ១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤៥%។

    ២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥៥%។

    ៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅ ច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

    យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបង ប្អូនដែលធ្វើដំណើរតាមផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថាន ភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: