ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ការវិវត្តនៃព្យុះទី១៣ «កាជិគី» ធ្វើឱ្យខេត្តមួយចំនួនរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុក ខណៈខេត្តជាប់មាត់ស​មុទ្រមានរលកខ្លាំងៗ

    BY Nisaiy KN August 24, 2025
    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ការវិវត្តនៃព្យុះទី១៣ «កាជិគី» ធ្វើឱ្យខេត្តមួយចំនួនរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុក ខណៈខេត្តជាប់មាត់ស​មុទ្រមានរលកខ្លាំងៗ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាម ម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

    យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា ការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុងនិរតី និងបោកបក់ លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាង ត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

    សូមបញ្ជាក់ថា ព្យុះទី១២ឈ្មោះថា លីងលីង(Lingling) ដែលបាន កើតមានឡើងនៅប្រទេសជប៉ុន បានបញ្ចប់កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៥ រួចមកហើយ ចំណែក គន្លងផ្លូវដើររបស់ព្យុះទី១៣ឈ្មោះកាជិគី នេះវិញ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ធាតុអាកាសនៅក្នុង ព្រះរាជាណាចក្រកម្ពុជាមានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ បរិមាណទឹកភ្លៀងនឹងកើនឡើងយ៉ាងគំហុគ ហើយមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកតំបន់មាត់សមុទ្រ និងឆ្នេរ សមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប នឹងមានរលកសមុទ្រខ្លាំងៗដែលមានកម្ពស់មធ្យម អប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

    យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: