ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)នៅខេត្តប៉ៃលិនព្រឹកនេះរំពឹងថា នឹងទទួលលទ្ធផលវិជ្ជមានបន្ថែមទៀត

    BY Nisaiy KN August 24, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)នៅខេត្តប៉ៃលិនព្រឹកនេះរំពឹងថា នឹងទទួលលទ្ធផលវិជ្ជមានបន្ថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះត្រូវបានក្រសួងការជាតិកម្ពុជារំពឹងថានឹងទទួលបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលនោះនឹងនាំមកនូវស្ថិរភាព និងសន្តិភាពរវាងប្រទេសទាំងពីរគឺកម្ពុជា-ថៃ។

    ថ្លែងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ចាន់បុរី និងត្រាត របស់ថៃ ដែលតាមការគ្រោងទុកនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២៥នេះនៅខេត្តប៉ៃលិន។

    តាមរយៈកិច្ចប្រជុំដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះដែរត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារំពឹងថាអាចជួយជំរុញឱ្យភាគីទាំងពីរ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រលប់ទៅរកប្រក្រតីភាព នៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។

    ជាមួយគ្នានេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងដោយបញ្ជាក់ទាក់ទិនទៅនឹងភាគីថៃត្រូវតែអនុវត្តកាតព្វកិច្ច ប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងទាំង១៨ នាក់ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញដែលកំពុងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ។

    សូមរំលឹកផងដែរថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងរបស់កម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ដែលគិតមកដល់ពេលនេះមានរយៈពេល២៥ថ្ងៃ ២៣ម៉ោង និង១០នាទីគិតត្រឹមវេលាម៉ោង៧,០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥នេះ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ថៃបំពេញ របស់ខ្លួននូវក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលនិងឯកកោរជាដាច់ខាត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: