ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញនៅថ្ងៃស្អែក

    BY Nisaiy KN August 24, 2025
    កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញនៅថ្ងៃស្អែក

    (ប៉ៃលិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅប្រកបដោយភាពរីកចម្រើនគួរឲ្យកត់សម្គាល់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្តប៉ៃលិន ដោយកម្ពុជាជាម្ចាស់ផ្ទះ។

    កិច្ចប្រជុំនេះដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ។ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាលម្អិតទៅលើកំណត់ហេតុព្រមព្រៀង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់ RBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក គឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

    កិច្ចប្រជុំលេខាធិការដ្ឋាននេះ បានចាប់ផ្តើមនៅម៉ោង ៩:២៥នាទីព្រឹក ហើយបានបញ្ចប់នៅម៉ោង ២:០០នាទីរសៀល ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។ កិច្ចប្រជុំនេះរៀបចំឡើងរវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: