បច្ចេកវិទ្យា

អស់ទាស់តែម្តង! OPPO បង្អួតកាមេរ៉ាថ្មីបង្កប់ក្រោមអេក្រង់ មិនមានក្បាលឆក ហើយក៏មិនមានកាមេរ៉ាហូតដែរ (មានវីដេអូ)

BY
Khmernote Media
June 3, 2019

បច្ចុប្បន្ននេះយើងសង្កេតឃើញក្រុមហ៊ុនស្មាតហ្វូនជាច្រើនខំប្រឹងបង្កើតភាពច្នៃប្រឌិត ដើម្បីបានអេក្រង់ធំពេញលាតដល់គែម និងគេចចេញពីក្បាលឆក ដូចជាការប្រើប្រាស់កាមេរ៉ាបង្កប់នៅក្នុងតួខ្លួនទូរស័ព្ទជាដើម។ ជាក់ស្តែងយើងឃើញក្រុមហ៊ុនជាច្រើនដូចជា OPPO, OnePlus, Xiaomi, vivo ជាដើមបានប្រើប្រាស់កាមេរ៉ាហូតចេញពីតួខ្លួន ដើម្បីដោះដូរយកអេក្រង់ធំពេញភ្នែក និងមិនមានក្បាលឆក ចំណែកឯ Samsung និង ASUS វិញប្រើប្រាស់កាមេរ៉ាក្រោយត្រលប់មកមុខ សម្រាប់ថត selife។

ប៉ុន្តែនាពេលថ្មីៗនេះ OPPO បានរកឃើញវិធីសាស្ត្រថ្មីមួយគឺមិនចាំបាច់ប្រើកាមេរ៉ាហូតចេញពីតួខ្លួនទៀតឡើយ ដោយបង្កប់កាមេរ៉ានៅក្នុងអេក្រង់យកតែម្តង។ យោងតាមទំព័រ Twitter ផ្លូវការរបស់ OPPO បានបង្ហាញឲ្យឃើញពីវីដេអូខ្លីមួយអំពីគំរូបច្ចេកវិទ្យាថ្មី បង្កប់កាមេរ៉ាមុខនៅក្នុងអេក្រង់តែម្តង ដែលការបង្កប់នេះមិនមែនជាការចោះប្រហោងអេក្រង់សម្រាប់ដាក់កាមេរ៉ាដូច Galaxy S10 របស់ Samsung ឡើយ គឺរូបភាពនៅតែបង្ហាញពេញអេក្រង់ មិនមានឆក មិនមានប្រជ្រុយ ហើយកាមេរ៉ាដែលបង្កប់នៅក្រោមអេក្រង់ នៅតែអាចប្រើប្រាស់បានផងដែរ។

បើតាមការបញ្ជាក់ពីលោកស្រី Brian Shen អគ្គនាយករង OPPO បានឲ្យដឹងថា កាមេរ៉ាបង្កប់ក្រោមអេក្រង់នេះ វាជាបច្ចេកវិទ្យាថ្មី ដូច្នេះគុណភាពរបស់ថតរបស់កាមេរ៉ានោះអាចនឹងមិនទាន់ល្អ ដូចកាមេរ៉ាធម្មតាឡើយ ដោយវាអាចបានបាត់បង់គុណភាពរូបថតខ្លះ ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា គ្មានបច្ចេកវិទ្យាថ្មីចុងក្រោយណា ដែលចេញមកភ្លាមល្អឥតខ្ចោះនោះទេ។ យើងនៅមិនទាន់ដឹងច្បាស់ថា តើបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងបំពាក់នៅលើស្មាតហ្វូនប្រភេទណាឡើយ? បើតាមការស្មាន បច្ចេកវិទ្យានេះអាចនឹងបំពាក់លើស្មាតហ្វូន OPPO និង vivo ជំនាន់ក្រោយ៕

អត្ថបទ៖ ឌី
ប្រភព៖ engadget

Share This Post: