ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា សម្រាប់ទីផ្សារចិន
(ទីក្រុងគុនមិញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក LAI Yong ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តយូណាន (Yunnan Media Group) ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថានីយ អញ្ជើញចូលជួបដើម្បីគោរពរាយការណ៍ពីស្ថានភាពក្រុមហ៊ុន ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី លើគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាថ្មីៗ ព្រឹត្តការណ៍ជំរុញទេសចរណ៍ចិនមកទស្សនាកម្ពុជាដែលក្រុមហ៊ុនកំពុងរៀបចំ និងទទួលបានមតិ និងទស្សនទាននៃកិច្ចសហប្រតិបត្តិជំរុញវិស័យទេសចរណ៍ដែលឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញកន្លងមក នាទីស្នាក់ការកណ្តាលក្រុមហ៊ុន។

នាឱកាសនៃជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់និងជាការអនុវត្តការងារជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីគំនិតផ្តួចផ្តើមដ៏ល្អៗ របស់ក្រុមហ៊ុន ពិសេសឃ្លីបវីដេអូ «មិត្តអ្នកជិតខាងប្រកបដោយភាពសុខដុមរមនា» ដែលរំលេចពីសក្តានុពលទេសចរណ៍កម្ពុជាយ៉ាងល្អ និងគ្រប់ទិដ្ឋភាពនៃនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសកត្តាសុខសុវត្ថិភាព និងសេចក្តីសោមន្សរីករាយរបស់ទេសចរចិន និងអន្តរជាតិមកដើរលេងកំសាន្តកម្ពុជា ដែលស្ថានីយបានសហការផលិតជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីឆ្នាំ ២០២៤ កន្លងទៅ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ដោយផ្អែកលើលក្ខណៈប្រទាក់ក្រឡា និងអន្តរវិស័យនៃវិស័យទេសចរណ៍ និងគោលការណ៍ស្តីពីជវភាពនៃតួអង្គតែមួយ ដោយសសរស្តម្ភទី៥ គឺកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានជាតិ និងអន្តរជាតិ ដោយឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាវិស័យទេសចរណ៍ ត្រូវការនូវការផ្សព្វផ្សាយព័ត៌មានពិត លឿន និងច្បាស់លាស់ដល់សាធារណជនឱ្យទូលំទូលាយ ហើយទម្រង់នៃផ្សព្វផ្សាយត្រូវវិវឌ្ឍទៅតាមនិន្នាការសង្គម និងអ្នកទទួលព័ត៌មាន និងបច្ចេកវិទ្យា ដែលនិន្នាការបច្ចុប្បន្នគឺការប្រើប្រាស់ New Media និងការប្រើប្រាស់ Influencers។
បន្ទាប់ពីបានយល់ និងជ្រួតជ្រាបពីទស្សនទាននៃសសរស្តម្ភកិច្ចសហប្រតិបត្តិការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍រួចមក លោកប្រធានស្ថានីយ បានគោរពឯកភាពយល់ស្រប និងបេ្តជ្ញាអនុវត្តសសរស្តម្ភទី៥ ឱ្យបានជាក់ស្តែង និងជាផ្លែផ្កា តាមរយៈចូលរួមជាមួយក្រសួងទេសចរណ៍ ផលិតឃ្លីបវីដេអូប្រកបដោយអត្ថន័យ និងអត្ថរសពីសក្តានុពលទេសចរណ៍កម្ពុជា ការចូលរួមជួយអភិវឌ្ឍសមត្ថភាពមន្រ្តី និងអ្នកផលិតមាតិកាកម្ពុជាឱ្យស្របតាមបច្ចេកវិទ្យាថ្មីនៃការផ្សព្វផ្សាយគឺ New Media ជាពិសេសគឺការរៀបចំកម្មវិធីជំរុញទេសចរណ៍កម្ពុជា-ចិនដ៏ធំ និងទាក់ទាញ នាពេលឆាប់ៗ នេះ ដែលជួយនាំយកនៅភ្ញៀវទេសចរចិនពីខេត្តយូណាន និងខេត្តផ្សេងៗ ទៀតជិតលាននាក់ ទៅទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ ស្របតាមស្មារតី និងជាការអនុវត្តជាក់ស្តែងនៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ដែលប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព៕




ប្រភព៖ ក្រសួងព័ត៌មាន