ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងពន្លឿនការធ្វើឯកសារអត្តសញ្ញាណកម្ម ដល់ពលករខ្មែរត្រឡប់មកពីថៃវិញ ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់កិច្ចការផ្សេងៗ

    BY soknita August 29, 2025
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងពន្លឿនការធ្វើឯកសារអត្តសញ្ញាណកម្ម ដល់ពលករខ្មែរត្រឡប់មកពីថៃវិញ ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់កិច្ចការផ្សេងៗ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងពន្លឿនការធ្វើឯកសារអត្តសញ្ញាណកម្ម ដល់ពលករខ្មែរត្រឡប់មកពីថៃវិញ ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់កិច្ចការផ្សេងៗ។

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ កំពុងពន្លឿនការធ្វើឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឱ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ។

    ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ដែលមានមន្ត្រីពាក់ព័ន្ធតាំងពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជិត ៦ពាន់នាក់ ចូលរួមប្រជុំដោយផ្ទាល់ និងតាមហ្សួម (Zoom) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា ចាប់តាំងពីមានករណីទាហានថៃ លួចមកបាញ់ប្រហារកងទ័ពខ្មែរបណ្ដាលឲ្យពលីម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា គឺមានសកម្មភាពពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ជាហូរហែរ។

    ឯកឧត្តម បានបន្តថា ជាពិសេសចាប់ពីមានការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៥ ចលនានៃការវិលត្រឡប់មកប្រទេសកំណើតវិញនេះ បានហក់ឡើងយ៉ាងគំហុក ហើយមកដល់ពេលនេះ មានជាង៩២ម៉ឺននាក់ហើយ ដែលក្នុងចំណោមនេះ ពួកគេមួយចំនួនពុំមានឯកសារកំណើត ឬអ្នកខ្លះទៀត ឯកសារហួសសុពលភាព ខូចខាត ឬបាត់បង់ជាដើម ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត គូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាល ណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធខិតខំ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទើបត្រឡប់ពីប្រទេសថៃ និងអ្នកពុំទាន់មានឯកសារអត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ដែលការងារនេះ គឺអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានចាត់ចែងក្រុមការងារទទួលបន្ទុករួចរាល់ហើយផងដែរ។

    នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា ការពន្លឿនធ្វើឯកសារអត្តសញ្ញាណកម្ម ដល់បងប្អូនអតីតពលករមកពីប្រទេសថៃ និងអ្នកពុំទាន់មាននេះ ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗ សម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post: