ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ស្នើឱ្យ UNDP កៀរគរធនធានគាំទ្របន្ថែម ដល់សិក្សាវាយតម្លៃពីផលប៉ះពាល់ និងការខូចខាត ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ

    BY soknita August 29, 2025
    កម្ពុជា ស្នើឱ្យ UNDP កៀរគរធនធានគាំទ្របន្ថែម ដល់សិក្សាវាយតម្លៃពីផលប៉ះពាល់ និងការខូចខាត ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា ស្នើឱ្យ UNDP កៀរគរធនធានគាំទ្របន្ថែម ដល់សិក្សាវាយតម្លៃពីផលប៉ះពាល់ និងការខូចខាត ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ។

    ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឱ្យ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) អ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិចារណា និងកៀរគរធនធានគាំទ្របន្ថែមដល់សិក្សាវាយតម្លៃផលប៉ះពាល់ និងឈានដល់ការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះទាំងនោះ ដែលអនុវត្តដោយអង្គភាពស៊ីម៉ាក់ នៅតាមតំបន់អាទិភាព ដូចជាទីវត្តអារាម សាលារៀន មណ្ឌលសុខភាព ភូមិឋាន និងតំបន់វាលស្រែ ជាដើម ដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងគោលដៅផ្តល់នូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋភៀសសឹក ក្រោយពេលត្រឡប់ទៅភូមិឋានសម្រាប់សកម្មភាពប្រចាំថ្ងៃវិញ។

    ការលើកឡើងដូច្នេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការអាជ្ញាធរមីន។
    ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃរវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មី UNDP ក្នុងនោះរួមមាន គ្រាប់ទម្លាក់ពីលើអាកាស គ្រាប់បែកចង្កោម និងគ្រាប់ផ្លោង ជាដើម។

    ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់បន្ថែមនៅកិច្ចការចំពោះមុខថា អាជ្ញាធរមីន មានបំណងរៀបចំនូវកម្មវិធីឆ្លើយតបបន្ទាន់ (Emergency Response Program) តាមការចាំបាច់ ដើម្បីស្វែងរកការគាំទ្រ និងកៀរគរធនធានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ធ្វើការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះនៅតាមតំបន់ដែលសេសសល់ ក្នុងការរួមចំណែកលើកកម្ពស់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ផងដែរ។

    ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ UNDP ដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់កិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល រួមមាន ការបោសសម្អាតមីន ការអប់រំការយល់ដឹងពីមីន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន និងការពង្រឹងសមត្ថភាព ហើយក្នុងនោះ ប្រទេសអូស្ត្រាលី សាធារណៈរដ្ឋកូរ៉េ នូវែលហ្សេឡង់ និងលុចសំបួរ គឺម្ចាស់វិភាគទានមួយយ៉ាងសំខាន់ក្នុងគម្រោងនេះផងដែរ។ ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុក UNDP ជាសម្លេងសហគមន៍ផ្តល់ជំនួយមួយយ៉ាងសំខាន់ និងជាដៃគូយ៉ាងរឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

    ពាក់ព័ន្ធនឹងការងារបោសសម្អាតមីនតាមតំបន់ព្រំដែន ឯកឧត្តម បានជម្រាបប្រាប់អ្នកតំណាងថ្មី UNDP ថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែឈរលើគោលការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ជាពិសេសចង់ប្រែក្លាយតំបន់ព្រំដែនទៅតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា សម្តេចធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី ក្នុងការបោសសម្អាតមីនមនុស្សធម៌ តាមបណ្តោយព្រំដែន ដោយផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។

    លោក អេនរីកូ ហ្គាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមកិច្ចការបោសសម្អាតមីនមនុស្សធម៌ ហើយលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង UNDP និងអាជ្ញាធរមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងនោះក៏មានការរួមចំណែកគាំទ្រពីប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួរ ផងដែរ។

    លោក អេនរីកូ ហ្គាវេលីយ៉ា បន្តទៀតថា បច្ចុប្បន្ននេះ UNDP កំពុងរៀបចំគម្រោងថ្មីមួយបន្តពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ខាងមុខនេះ ហើយ UNDP ក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាមីនដែលនៅសេសសល់ និងធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០។

    សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០២៥ ការបោសសម្អាតមីន ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល សម្រេចបាន ៤០៧ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ១,៣ លាននាក់ ហើយការងារផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ការងារបង្កើនសមត្ថភាព ការងារសង្គ្រោះជនរងគ្រោះ និងការងារបញ្ជា្របយេនឌ័រ ជាដើម ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។ ដោយឡែកសម្រាប់ការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ចាប់ពីឆ្នាំ ២០២០ ដល់ខែកក្កដា ឆ្នាំ ២០២៥ ការបោសសម្អាតមីនសម្រេចបាន ១៦៣ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ចំនួន ៣៣៦ ០៨៤ នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: