ប្រទេសចិន គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ បានធ្វើឡើងនៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។
តាមរយៈជំនួបនេះ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕






ប្រភព៖ ក្រសួងព័ត៌មាន