ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងលោកជំទាវ អញ្ជើញមកបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាថ្ងៃនេះ

    BY SOMATEY September 7, 2025
    ឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងលោកជំទាវ អញ្ជើញមកបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាថ្ងៃនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតីទី១៧ នៃ​សាធារណរដ្ឋ​ហ្វីលីពីន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញមកដល់​ព្រះរាជាណាចក្រកម្ពុជា​នៅរសៀល​ថ្ងៃអាទិត្យ​ទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា​ក្សត្រ​​​នៃ​ព្រះរាជាណាចក្រកម្ពុជា។

    ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹក​នាំហ្វីលីពីនមកកាន់​កម្ពុជាក្នុងរយៈពេលជិត៩ឆ្នាំដែលជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅ​កាន់ទីក្រុងម៉ានីលកាលពីដើមឆ្នាំនេះ។

    បើតាមអ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់លោកប្រធានាធិបតី ម៉ាកូស នឹង​ផ្តោតសំខាន់លើគោល​បំណងធំៗចំនួន ៣ មានដូចជាការពង្រីកពាណិជ្ជកម្ម ការពង្រឹង​ទំនាក់ទំនង​ការអនុវត្តន៍ច្បាប់ និងការស្វែងរកការគាំទ្ររបស់កម្ពុជា​សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីននៅឆ្នាំ ២០២៦។

    ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ឯកឧត្តម Ferdinand Romualdez Marcos Jr.ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos​ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជា​ណាចក្រកម្ពុជា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។

    ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងអញ្ជើញជួបជាមួយសម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅវិមានសន្តិភាព។ ឯកឧត្តម Marcos Jr. និងថ្នាក់ដឹកនាំ​កម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនង​ដ៏កក់ក្ដៅនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ​នានាដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការ​ទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ច​នេះផងដែរ។

    ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរព​វិញ្ញាណក្ខន្ធ​នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

    ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម​ប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាណាចរវាងប្រទេស និងប្រជាជនទាំងពីរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: