ខេត្តបាត់ដំបង មានផែនការពង្រីក គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានអមដំណើរ ឯកឧត្តម ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោង PMU បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ខេត្តបាត់ដំបងកាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៥។

អមដំណើរចុះពិនិត្យការងារ មានការអញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេសនៃគម្រោងរបស់ក្រសួង ក្រុមហ៊ុនម៉ៅការសាងសង់ CCECC , ទីប្រឹក្សាបច្ចេកទេស PIAC និងមន្ត្រីសម្របសម្រួលគម្រោងពាក់ព័ន្ធជាច្រើនរូប។
សូមបញ្ជាក់ថាគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ខេត្តបាត់ដំបង ជាគម្រោងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។
គម្រោងនេះ មានសមត្ថភាពផលិតទឹកស្អាត ៥០,០០០ ម៣/ថ្ងៃ និងការពង្រីកបំពង់ទឹកស្អាតប្រវែង ៩៤ គ.ម ដើម្បីជំរុញពន្លឿនការអនុវត្តគម្រោងតាមកិច្ចសន្យាសាងសង់តាមលក្ខណ្ឌបច្ចេកទេស ដែលគ្រោងនឹងត្រៀមបញ្ចប់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ។
អគ្គនាយករដ្ឋាករទឹកបាត់ដំបង ឯកឧត្តម អ៊ុត ក្លឹង បានមានប្រសាសន៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា ដើម្បីស្វែងរកការឯកភាព ក្នុងការបង្កើតផែនការសកម្មភាពរួមនៃការចូលរួមរបស់អតិថិជន នៅខេត្តបាត់ដំបង ដោយបញ្ជាក់ថា វិស័យទឹកស្អាត គឺជាគោលដៅអាទិភាពមួយ នៅក្នុងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលបានផ្តោតលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយនូវភាពក្រីក្រ គឺជាទិសដៅយ៉ាងសំខាន់ឈានទៅសម្រេចបាននូវចក្ខុវិស័យ នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ៕



ប្រភព៖ ក្រសួងព័ត៌មាន