Apple ប្រកាសឈប់ប្រើប្រាស់ iTunes ទៀតហើយ ក្រោយបានប្រើកម្មវិធីមួយនេះអស់ ១៨ ឆ្នាំ
- June 4, 2019
ក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈថា នឹងឈប់ប្រើប្រាស់កម្មវិធី iTunes ទៀតហើយ ក្រោយបានប្រើប្រាស់កម្មវិធីមួយនេះអស់រយៈពេល ១៨ ឆ្នាំ។ សេចក្តីប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងដោយលោក Craig Federighi ប្រធានផ្នែក Software របស់ក្រុមហ៊ុន Apple ដែលបានថ្លែងនៅក្នុងសន្និសិទ្ធ Worldwide Developers Conference ប្រចាំឆ្នាំកាលពីថ្ងៃម្សិលមិញនេះ។ លោកបានបន្តថា ការឈប់ប្រើប្រាស់ iTunes គឺជាការធ្វើបដិវត្តមួយក្នុងការស្ដាប់តន្រ្តី ហើយ iTunes នឹងត្រូវបានគេបំបែកជាកម្មវិធី ៣ ដាច់ដោយឡែកពីគ្នាតែម្តងមានដូចជា Apple Music, Apple TV និង Apple Podcasts។
ជាងនេះទៅទៀត Apple បានបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយសម្រាប់កុំព្យូទ័រ Mac ផងដែរ គឺប្រព័ន្ធប្រតិបត្តិការណ៍ dubbed macOS 10.15 Catalina ដែលនឹងមានវត្តមានជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុន Apple បានអះអាងថា កម្មវិធី និងប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់ ហើយអតិថិជនរបស់ Apple រាប់លាននាក់នៅជុំវិញពិភពលោកនឹងពេញចិត្តជាមួយនឹងការធ្វើបដិវត្តមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ straitstimes
- Share This Post:






