ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ត្រីទាំងអស់គឺត្រូវតែមានទាំងសមត្ថភាព ទេពកោសល្យ និងមានស្នាដៃ ដើម្បីបំពេញការងារជូនជាតិឱ្យទទួលបានជោគជ័យ

    BY SOMATEY September 8, 2025
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ត្រីទាំងអស់គឺត្រូវតែមានទាំងសមត្ថភាព ទេពកោសល្យ និងមានស្នាដៃ ដើម្បីបំពេញការងារជូនជាតិឱ្យទទួលបានជោគជ័យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា មន្ត្រីទាំងអស់គឺត្រូវតែមានទាំងសមត្ថភាព ទេពកោសល្យ និងមានស្នាដៃ ដើម្បីបំពេញការងារជូនជាតិឱ្យទទួលបានជោគជ័យ ដែលបញ្ហាទាំងអស់នេះគឺស្ថិតនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមនឹងផែនការរបស់ក្រសួង ស្ថាប័ននីមួយៗផងដែរ ក្នុងនោះក្រសួងព័ត៌មានក៏បានខិតខំក្នុងការបណ្តុះបណ្តាលមូលធនមនុស្សដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ស្របតាមបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិ។

    ការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្ដីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការ គ្រប់គ្រងធនធានមនុស្ស ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់មន្ត្រីក្រោមឱវាទក្រសួងព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណជាង១០០នាក់ នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។

    ឯកឧត្តម នេត្រ ភក្រ្ដា មានប្រសាសន៍ថា បើនិយាយពីមូលធនមនុស្សរបស់កម្ពុជានាពេលបច្ចុប្បន្នឃើញថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលពីមុនកម្ពុជាបានប្រើប្រាស់កុងស៊ុលតង់ជាជនបរទេសឱ្យជួយធ្វើកិច្ចការមួយចំនួននៅតាមក្រសួង/ស្ថាប័នរបស់យើង។ តែបច្ចុប្បន្នគឺលែងដូចពីមុនទៀតហើយ ពោលគឺយើងមានអ្នកជំនាញរបស់យើងក្នុងការបំពេញការងារនៅតាមក្រសួង/ស្ថាប័ន ហើយមានអ្នកខ្លះក៏បានទៅធ្វើជាកុងស៊ុលតង់ឱ្យក្រុមហ៊ុន ឬស្ថាប័នរបស់បរទេសថែមទៀតផង។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា ទាំងនេះហើយគឺជាការរីក ចម្រើនខាងផ្នែកមូលធនមនុស្សរបស់កម្ពុជា ដែលក្រសួងព័ត៌មានរបស់យើងក៏ត្រូវតែខិតខំក្នុងការធ្វើឱ្យមូលធនមនុស្សមានការរីកចម្រើន ពោលគឺត្រូវតែមានទាំងសមត្ថភាព ទេពកោសល្យ និងមានស្នាដៃ ក្នុងការបំពេញការងារ។

    ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ក្រៅពីការកសាងសមត្ថភាពទូទៅសម្រាប់មន្ត្រីក្រោមឱវាទ ហើយនោះ ក្រសួងព័ត៌មានក៏កំពុងតែគិតគូរក្នុងការបណ្តុះបណ្តាលភាសាបរទេស សម្រាប់មន្ត្រីរបស់ក្រសួងផងដែរមានដូចជា ភាសាអង់គ្លេស ហើយក៏អាចមានភាសាចិនថែមទៀតផង។ ដូច្នេះ សូមមន្ត្រីរបស់យើងត្រៀមលក្ខណៈដើម្បីទទួលយកការបណ្តុះបណ្តាលនេះ ព្រោះវាជាផ្នែកមួយយ៉ាងសំខាន់ និង ចាំបាច់បំផុតនៅក្នុងការកសាងធនធានមនុស្សរបស់យើងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការបំពេញការងារប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់។

    ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារនៅក្រសួងព័ត៌មាននោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានគូស បញ្ជាក់បន្ថែមថា គឺត្រូវធ្វើឡើងតាមរយៈការប្រឡងដោយយុត្តិធម៌ «អ្នកចេះគឺជាប់» ពោលគឺមិនអាចប្រើប្រាស់ លុយកាក់ដើម្បីអាចចូលមកធ្វើមន្ត្រីរាជការនៅក្នុងក្រសួងបានឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: