ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាសិង្ហបុរី បង្ហាញចេតនាធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំជាមួយកម្ពុជា
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ — លោកសាស្ត្រាចារ្យបណ្ឌិត កុនស្តេនទីន នូវ៉ូសេឡូវ (Konstantin Novoselov) ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០១០ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានគូសបញ្ជាក់នូវគោលបំណងពីការស្វែងរកយុវជនឆ្នើមកម្ពុជាដែលមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រចូលរួមក្នុងគម្រោងសិក្សាស្រាវជ្រាវរួមគ្នានៃសាកលវិទ្យាជាតិសិង្ហបុរី និងចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍នានា ព្រមទាំងការពិនិត្យមើលទៅលើលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍លើបញ្ញាសិប្បនិម្មិត (AI) ឬការបង្កើតវិទ្យាស្ថានសម្រាប់រូបធាតុឆ្លាតវៃដែលមានមុខងារពិសេសនៅកម្ពុជា សំដៅបង្កើនសមត្ថភាពនវានុវត្តន៍របស់កម្ពុជា និងជ្រោមជ្រែងសហគ្រាសកម្ពុជាដើម្បីឆ្ពោះទៅរកទីផ្សារសកល។

ការបញ្ជាក់របស់លោកសាស្ត្រាចារ្យបណ្ឌិតខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានរំលេចពីគម្រោងពាក់ព័ន្ធវិទ្យាសាស្ត្រមួយចំនួនដែលកំពុងដំណើរការនៅតាមសាលារៀន និងសាកលវិទ្យាល័យរដ្ឋ និងបានចែករំលែកអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអប់រំឧត្តមសិក្សានៅកម្ពុជាដែលកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការជំរុញ និងបង្កឱកាសឱ្យសិស្សនិស្សិតផ្សារភ្ជាប់ទ្រឹស្តីដែលបានរៀននៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈគម្រោងជាច្រើនក្នុងកិច្ចសហប្រតិបត្តការរវាងសាកលវិទ្យាល័យរដ្ឋ និងសាកលវិទ្យាល័យបរទេសនានា ក៏ដូចជាកិច្ចសហការជាមួយវិស័យឯកជនជាតិ និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជម្រាបជូនលោកសាស្ត្រាចារ្យបណ្ឌិត កុនស្តេនទីន នូវ៉ូសេឡូវ ថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការអប់រំថ្នាក់វិទ្យាសាស្ត្រ ដោយបញ្ចូលការអប់រំស្ទែម (STEM) ទៅក្នុងកម្មវិធីសិក្សា ជាពិសេសនៅសាលារៀនជំនាន់ថ្មី ដែលបង្រៀនដោយប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី (Project Based Learning) ដើម្បីបង្កើត និងពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹង និងជំនាញសតវត្សរ៍ទី២១ដល់យុវជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានា ដែលមានគោលដៅជំរុញនូវការអភវិឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ២០៥០៕


ប្រភព៖ ក្រសួងព័ត៌មាន