ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-បារាំង ពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រ

    BY SOMATEY September 11, 2025
    កម្ពុជា-បារាំង ពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ​នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Oliver RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋាន ប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។

    ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អះអាងនូវការប្តេជ្ញាចិត្តមុតមាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីបន្តសមិទ្ធិផល របស់ឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិមុនៗ។

    ក្នុងឱកាសជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរ បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសន្ទនាកម្រិតខ្ពស់ ជាពិសេសជំនួបពិភាក្សាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិលើកទី៣ស្ដីពីមហាសមុទ្រ នៅទីក្រុងនីស កាលពីខែមិថុនា កន្លងមក។ ជំនួបផ្លាស់ប្តូរយោបល់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចុះហត្ថលេខា និងការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយ ចីរភាព នៅក្រៅដែនយុត្ថាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (BBNJ) និងការគាំទ សន្ធិសញ្ញា « Nice Wake-Up Call for an Ambitious Plastics Treaty”។

    ភាគីទាំងពីរ ក៏បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ និងបានឯកភាពរៀបចំសម័យប្រជុំលើកទី ៣ នៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង ចុងឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

    ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះការបន្តគាំទ្ររបស់បារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ បារាំង(AFD)។

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជារបស់គណៈប្រតិភូធុរជនបារាំង MEDEF International និងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ MEDEF ក្នុងការចូលរួមជាមួយសហគ្រាសបារាំងនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការវិនិយោគ បន្ថែមនៅវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។

    ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវវឌ្ឍនភាពទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: