ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-ចិន ឆ្នាំ២០២៤កើនឡើងដល់ប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន នៅរដ្ឋធានីប៉េកាំង នាសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានគូសរំលចថា ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរបានមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាលពីឆ្នាំ២០១២មានទំហំតិចជាង ៥០០លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤កើនឡើងដល់ប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។
ថ្នាក់ដឹកនាំកម្ពុជាខាងលើ បានបន្ថែមងា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន។ បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់គឺជាការវិនិយោគរបស់វិនិយោគិនចិន។
តាមអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។ ជាមួយគ្នានេះដែរចំពោះការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន ៤៩១គម្រោងហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជូនវិនិយោគិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម វ៉ាង យី (Wang Yi) បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួមនិងផលប្រយោជន៍ទៅវិញទៅមក។
