រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា៖ គួរឱ្យសោកស្តាយ ចំពោះការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងកម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការដែលបានព្រមព្រៀងគ្នា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានថ្លែងថា កម្ពុជាគួរឱ្យសោកស្តាយ ចំពោះការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការ ដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។ ការថ្លែងរបស់ឯកឧត្ដមប្រមុខការទូតកម្ពុជាបែបនេះ ក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្ដិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស” នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានមានប្រសាសន៍ថា ការវិវត្តប្រែប្រួលរបស់ប្រទេសកម្ពុជា គឺជាសក្ខីភាពនៃអត្ថន័យមូលបទរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ពោលគឺជាប្រទេសដែលធ្លាប់ត្រូវការសន្តិភាព បានក្លាយជាប្រទេសដែលជួយផ្តល់ សន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសដទៃទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ហេតុនេះ ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក ហើយដែលយើងស្រឡាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោក បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ»។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា កម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់ តាមយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ផងដែរថា ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្តពីប្រទេសទាំងពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារស្ថានភាពដូចដើមឡើងវិញក៏ដោយ។ ជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ចព្រមព្រៀង ត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្តែង។ «បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្ដេញពលរដ្ឋកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សរ៍មកហើយ។ ការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែន បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀត ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរ។ ទង្វើខាងលើនេះបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន។» នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន។
បើតាមឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន កម្ពុជាបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុង ការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខការបង្ករឿង និងការរំលោភបំពានម្តងហើយម្តងទៀត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការវាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា កងកម្លាំងរបស់កម្ពុជាបានបើកការបាញ់ប្រហារមុន។ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងដោយសង្កត់ធ្ងន់ថា ក្នុងស្មារតីដូចកាលពីបានបញ្ចប់សង្គ្រាមជិតបីទស្សវត្សរ៍កន្លងមក កម្ពុជាសូមអំពាវនាវឱ្យមានកិច្ចសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

ប្រភព៖ ក្រសួងព័ត៌មាន