ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថានឆ្លើយតបចំពោះការផ្សព្វផ្សាយករណីទឹកអូរចំនួន១កន្លែង មានការប្រែពណ៌លឿង (ស្លាទុំ)

    BY SOMATEY October 3, 2025
    ក្រសួងបរិស្ថានឆ្លើយតបចំពោះការផ្សព្វផ្សាយករណីទឹកអូរចំនួន១កន្លែង មានការប្រែពណ៌លឿង (ស្លាទុំ)

    យោងតាម ក្រសួងបរិស្ថាន នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ​បានឱ្យដឹងថា ថ្មីៗកន្លងមក មានការផ្សព្វផ្សាយលើបណ្តាញព័ត៌មានសង្គម ថាទឹកអូរចំនួន ១កន្លែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានការប្រែពណ៌ជាក្រហម (ស្លាទុំ)។ បន្ទាប់ពីបានទទួលបានព័ត៌មានខាងលើ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ករណីទឹកមានការប្រែពណ៌ពីថ្លា មកល្អក់ ឬទៅជាពណ៌លឿង (ពណ៌ដី ឬពណ៌ជ័រឈើ) គឺការប្រែប្រួលនៃធម្មជាតិ ដែលតែងកើតឡើងនៅតាមតំបន់ព្រៃភ្នំ នៅក្នុងពេលមានភ្លៀងធ្លាក់ ជាទូទៅនៅរដូវវស្សា។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង តែងតែឃើញមានទឹកហូរ និងប្រែពណ៌ ពេលខ្លះទៅជាពណ៌តែ ពណ៌លឿងស្លាទុំ ពណ៌ក្រហមក្រម៉ៅ ដោយសារចេញកើតចេញពីសណ្ឋានដី ដីមមោក(Pit Land) និងដីខ្សាច់បាតអូរ ជាដើម។ វាក៏អាចកើតចេញពីប្រភពដើមឈើ ឬសឈើ និងចេញពីជ័រឈើ បន្ទាប់ពីការដួលនិងបាក់មែកឈើ នៅពេលមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង។

    ទន្ទឹមហ្នឹងនេះ ក្រសួងបរិស្ថានបានចាត់វិធានការមួយចំនួនបន្ថែមទៀត ដូចតទៅ៖

    ១) មន្រ្តីជំនាញកំពុងចុះស្វែងរកទីតាំង និងពិនិត្យតាមដានដោយផ្ទាល់ ដែលតាមសេចក្តីរាយការណ៍ គឺស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

    ២) មន្រ្តីជំនាញបន្តសហការជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីយកសំណាកទឹកមកវិភាគបន្ថែម នៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន
    ក្រសួងបរិស្ថានសូមអរគុណចំពោះចូលរួមសហការរាយការណ៍ ទាក់ទងនឹងវិស័យបរិស្ថាននាកន្លងមក ដែលជំរុញឱ្យក្រសួងបរិស្ថាន អនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីធានាភាពស្អាតសម្រាប់អនាគតរបស់កម្ពុជា ជាពិសេសការពារបរិស្ថាន និងអាយុជីវិតរបស់មនុស្ស សត្វ។ ក្នុងឱកាសនេះ ក្រសួងបរិស្ថាន ស្នើសុំឱ្យសាធារណជន ជាពិសេសអ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាលើបណ្តាញផ្សព្វផ្សាយសង្គម មានសហការ និងរាយការណ៍ព័ត៌មានទាក់ទងវិស័យបរិស្ថាន មកក្រសួងបរិស្ថាន និងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ តាមដាន ទប់ស្កាត់ ករណីមានការសង្ស័យលើបទល្មើសបរិស្ថាន។

    ក្រសួងបរិស្ថាន សុំស្នើសុំបញ្ឈប់ការការផ្សព្វផ្សាយព័ត៌មានខុសពីការពិត លើវិស័យបរិស្ថាន ដែលអាចឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ដែលផ្ទុយពីក្រមវិជ្ជាជីវៈសារព័ត៌មាន និងនាំមានផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានមិនពិត ដល់សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

    ប្រភព៖ ក្រសួងបរិស្ថាន

    Share This Post: