វត្តស្វាយរមៀត រៀបចំពិធីហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីរក្សាទំនៀមទម្លាប់ និងកេរដំណែលឱ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ
យោងតាម មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ វត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ដោយមានការរៀបចំដង្ហែអង្គកឋិនទាន នៅលើផ្ទៃទឹកបារាយណ៍ដ៏ស្រស់ត្រកាល ដើម្បីទុកជាទំនៀមទម្លាប់ និងកេរដំណែលឲ្យកូនចៅជំនាន់ក្រោយបានដឹង និងចងចាំ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាបញ្ជាក់ថា ការរៀបចំដង្ហែអង្គកឋិនទានតាមផ្លូវទឹកបារាយណ៍នាពេលនេះ ក៏ដើម្បីញ៉ាំងឱ្យកម្មវិធីកឋិនទាននោះកាន់តែមានភាពឱឡារិកគគ្រឹកគគ្រេង និងបង្ហាញឲ្យញាតិញោមគ្រប់មជ្ឈដ្ឋានបានឃើញពីសកម្មភាពនៃការដង្ហែ និងទិដ្ឋភាពភូមិសាស្ត្រនៃទីអារាមមួយនេះ ដែលស្ថិតនៅជាប់នឹងបារាយណ៍ទឹកថ្លានៃខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ធម្មជាតិ ប្រាង្គប្រាសាទ និងរមណីយដ្ឋានបុរាណ។
ព្រះគ្រូចៅអធិការបានបន្តថា សម្រាប់បុណ្យកឋិនទាននាឆ្នាំនេះដែរ វត្តស្វាយរមៀតបានទទួលបច្ច័យសរុបប្រមាណជាង ២៥លានរៀល ពីសំណាក់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។ បច្ច័យដែលទទួលបាននេះ ក្រៅពីផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ភិក្ខុ សាមណេរទាំង ៥០អង្គក្នុងវត្ត មួយចំនួននឹងត្រូវបែងចែកឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀនជាគ្រូកិច្ចសន្យា និងគ្រូស្ម័គ្រចិត្តនៃសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀត រួមទាំងទ្រទ្រង់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃ ផ្គត់ផ្គង់ថ្លៃទឹកភ្លើង ជួសជុលកែលំអបរិស្ថាន សួនច្បារ និងបរិវេណវត្តផងដែរ៕






ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប