ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់​ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសាងសង់ក្នុងតម្លៃជាង៦០ម៉ឺនដុល្លារ

    BY SOMATEY October 21, 2025
    អបអរសាទរ​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់​ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសាងសង់ក្នុងតម្លៃជាង៦០ម៉ឺនដុល្លារ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញឱ្យបុគ្គលិកពេទ្យទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាលើការ សង្គ្រោះ និងពិនិត្យ-ព្យាបាលជំងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់នូវទឹកចិត្តអាណិតស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើ ប្រាស់សេវានៅមន្ទីរពេទ្យឱ្យបានល្អ។

    សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង បានជំរុញបែបនេះ ខណៈសម្ដេចជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ អគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រំ ១ខ្នង ៣ជាន់ មាន១៥បន្ទប់ អស់តម្លៃជាង៦៥ម៉ឺនដុល្លារអាមេរិក ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឌីខេ លី តាមរយៈលោកឧត្តម សេនីយ៍ឯក ចៅ ភិរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយជ្រំ។

    សម្ដេច មែន សំអន បានអរគុណចំពោះលោក ឌីខេលី រួមជាមួយគណៈប្រតិភូ និងសប្បុរស ជនកូរ៉េនៃរ៉ូតារីក្លឹប ដែលបានចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើងនាពេលនេះ។ ហើយក៏មិនមែនជាលើកទី១ ដែលគណៈប្រតិភូសប្បុរជនកូរ៉េ បានចូលរួមកសាងសមិទ្ធផលនៅក្នុងខេត្តរបស់យើងនោះទ្បើយ ផ្ទុយទៅវិញប្រតិភូរ៉ូតារីក្លឹប បានចុះមកខេត្តស្វាយរៀងយើងតាំងពីឆ្នាំ២០១៧, ហើយបានជួបសំណេះសំណាល និងនាំយកនូវអំណោយសប្បុរជនជូន ដល់ប្រជាពលរដ្ឋទីទាល់ក្រ ក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ យើង នេះចំនួន ៥លើក រួចមកហើយ គិតត្រឹមឆ្នាំដដែល, និងជាបន្តបន្ទាប់ រ៉ូតារីក្លឹប បានចូលរួមកសាង ៖ មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល, អគារសិក្សា និងសមិទ្ធផលដែលយើងបាននិងកំពុងរួមគ្នាសម្ពោធនាពេលនេះ គឺអគារថ្មី នៃមន្ទីរពេទ្យបង្អែកស្វាយជ្រុំយើងនេះ។

    សម្តេចបានបន្តថា អំណោយដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួម ចំណែកអភិវឌ្ឍក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូល រួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀងរបស់យើង មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រុំប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀតក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួនៃក្រុងស្វាយរៀងផងដែរ។

    សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា ក្នុងរយៈពេលជាង ២៥ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីការសម្រេចបាន នូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សម្រាប់រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយចក្ខុ វិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានបន្តបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ហើយបានដាក់ចេញ និងដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាពដែលមានគុណតម្លៃជាសកល, ស្ថេរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋាន គ្រឹះនៃការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមជាមួយការកំណត់នូវអាទិភាគន្លឹះចំនួន ៥គឺ៖មនុស្ស,ទឹក,ភ្លើង, ផ្លូវនិងបច្ចេកវិទ្យា” មានន័យថា មនុស្ស នៅតែជាវិស័យអាទិភាពទី១ដដែល។

    សម្ដេច ម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធនិងបុគ្គលិកសុខាភិបាលទាំងអស់នៅ៣ចំណុចសំខាន់ដូចខាងក្រោម៖ ទី១.បុគ្គលិកពេទ្យទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាលើការ សង្គ្រោះ និងពិនិត្យ-ព្យាបាលជំងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌វិជ្ជាជីវៈ ដោយតម្កល់នូវទឹកចិត្តអាណិតស្រលាញ់ អ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យឱ្យបានល្អ។ទី២. មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវ បន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្តល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើរ ឡើង។ ទី៣. អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតី នៃអនុក្រឹត្យលេខ៦១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៣ ស្តីពីក្រមសីលធម៌គ្រូពេទ្យ រួម ជាមួយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងអ្នកមកទទួលសេវា សុខាភិបាលនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពរបស់យើង, ការស្តាប់ ពិនិត្យ ឱ្យទូន្មាន ឬព្យាបាលដោយសម្បជញ្ញៈ ដោយស្មើភាពគ្នា និងមិនប្រកាន់និន្នាការប្រពៃណីសាសនា និងជាតិសាសន៍ នោះឡើយ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: